អ្នកស្រាវជ្រាវ បានរកឃើញថា ការផឹក “តែ” ជាទៀងទាត់ ក៏អាចទប់ស្កាត់ផលអាក្រក់ផ្សេងៗ កើតមកពីការផ្លាស់ប្តូរនៅក្នុងឈាម ដែលបណ្តាលមកពីការបរិភោគអាហារដែលមានខ្លាញ់ច្រើន ហើយការផ្លាស់ប្តូរមិនល្អនេះ អាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
នៅក្នុងការស្រាវជ្រាវដែលគេធ្វើឡើងលើសត្វកណ្តុរ សត្វកណ្តុរខ្លះទៀត ត្រូវបានគេឲ្យស៊ីអាហារដែលមានជាតិខ្លាញ់ខ្ពស់ ហើយកណ្តុរខ្លះទៀត ត្រូវបានគេឲ្យស៊ីអាហារធម្មតា។ បន្ទាប់មកទៀត សត្វកណ្តុរទាំងនោះ ត្រូវបានគេបំបែកជាក្រុមតូចៗទៀត ហើយគេឲ្យកណ្តុរខ្លះផឹកទឹក “តែបៃតង” និងកណ្តុរខ្លះផឹក “តែខ្មៅ” ក្នុងរយៈពេល ១៤សប្តាហ៍។
លទ្ធផលបានបង្ហាញថា “តែ” ទាំងពីប្រភេទ បានទប់ស្កាត់ការឡើងទម្ងន់ដងខ្លួន និងទប់ស្កាត់ការប្រមូលផ្តុំនៃខ្លាញ់នៅក្បាលពោះ ដែលច្រើនតែបណ្តាលមកពីការហូបអាហារដែលមានជាតិខ្លាញ់ច្រើន។ គេក៏បានសង្កេតឃើញដែរថា បើទោះជា “តែ” ទាំងពីរប្រភេទ ផ្តល់ផលល្អដូចគ្នាក្នុងការទប់ស្កាត់ការឡើងទម្ងន់ក៏ពិតមែន ប៉ុន្តែចំពោះ “តែខ្មៅ” វាផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា កាត់បន្ថយ កូឡេស្តេរ៉ូលអាក្រក់ និងបង្កើនការផលិតអាំងស៊ុយលីន ជាដើម។
ការស្រាវជ្រាវដែលគេធ្វើឡើងនៅសកលវិទ្យាល័យ ខូប៊ី (Kobe) ជប៉ុន ត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ Agricultural and Food Chemistry។
ប្រជាជនអង់គ្លេសចូលចិត្តផឹកតែយ៉ាងទៀងទាត់។ បណ្ឌិត ឃែររីរូថុន (Carrie Ruxton) បាននិយាយថា លទ្ធផលនៃការសិក្សានេះ គឺជាដំណឹងល្អសម្រាប់អ្នកនិយមផឹក “តែ” ពិសេសសម្រាប់អ្នកដែលផឹក “តែខ្មៅ”។
លោកបានបន្តថា “បើទោះបីជាលទ្ធផលនៃការស្រាវជ្រាវ ចាំបាច់ត្រូវធ្វើការអះអាងបញ្ជាក់តាមរយៈការស្រាវជ្រាវនេះ រកឃើញថា (តែ)ជួយទប់ស្កាត់ការឡើងទម្ងន់ និងរារាំងផលអាក្រក់ទាំងឡាយ ដែលបណ្តាលមកពីការប្រែប្រួលនៃជាតិស្ករក្នុងឈាមផងដែរ។ ចំណែកតែខ្មៅ វិញ មានផលល្អ ជាពិសេសនៅត្រង់ថា កាត់បន្ថយកូឡេស្តេរ៉ូអាក្រក់នៅក្នុងឈាម និងជួយជំរុញជាតិអាំងស៊ុយលីន”។
ការផឹក “តែ” ធ្លាប់ត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីរោគមួយចំនួន ដូចជារោគបេះដូង រោគមហារីក និងរោគភ្លេចភ្លាំងផងដែរ។ ការស្រាវជ្រាវមួយចំនួន ក៏បានរកឃើញផងដែរថា ការផឹក “តែ” ជាទៀងទាត់ក្នុងរយៈពេល ១០ឆ្នាំ ឬច្រើនជាង ១០ឆ្នាំ អាចនឹងបង្កើនភាពរឹងមាំរបស់ឆ្អឹងបានផងដែរ៕

No comments:
Post a Comment