អាហារប៊ូសហ្វេ បច្ចុប្បន្ននេះ ទទួលបានការនិយមច្រើន ពិសេសសម្រាប់ពិធីជប់លៀង។ តើត្រូវបរិភោគអាហារប៊ូសហ្វេយ៉ាងដូចម្តេច ដើម្បីទទួលបានប្រយោជន៍សម្រាប់សុខភាព និងអាចរក្សាទម្ងន់កុំឲ្យឡើងតាមកាឡូរី ដែលមាននៅក្នុងអាហារប៊ូសហ្វេទាំងនោះ។-បរិភោគអាហារប្រភេទសាច់សត្វដែលរួមមាន សាច់មាន់ ជ្រូក គោ ត្រីមឹកឲ្យតិចបំផុត ហើយបែរមកបរិភោគសាច់ត្រី ឬបន្លែ ឲ្យបានច្រើន ព្រោះថា ជាអាហារងាយរំលាយ គ្មានសារជាតិខ្លាញ់ ថែមទាំងមិនប្រឈមមុខនឹងការកើតរោគមហារីកទៀតផង។-ជ្រើសរើសបរិភោគប្រភេទអាហារដែលស្រុស ឬស្ងោរ និងព្យាយាមបរិភោគអាហារអាំង ចៀន ឲ្យបានតិច ។-ចៀសវាងការផឹកគ្រឿងស្រវឹង និងទឹកក្រូចក្នុងពេលបរិភោគអាហារប៊ូសហ្វេ ព្រោះថាគ្រឿងស្រវឹងសុទ្ធតែផ្តល់ថាមពលខ្ពស់ណាស់ និងត្រូវប្រើរយៈពេលយូរក្នុងការដុតបំផ្លាញ។ វិធីដ៏ល្អ គួរផឹកទឹកសុទ្ធ ឬ “ទឹកតែ” ជាការល្អបំផុត។-មុនដួសសាច់សត្វមកបរិភោគ ចូរសង្កេតមើលឲ្យច្បាស់លាស់ថា មានសភាព រូប ពណ៌ក្លិន ខុសពីប្រក្រតីឬទេ។-កុំប្រញាប់ទទួលទានខ្លាំងពេក គួរបរិភោគសន្សឹមៗ កុំប្រជែងគ្នាបរិភោគ។-គួរបរិភោគអាហារប៊ូសហ្វេ ក្នុងហាងដែលសុវត្ថិភាពអាចទុកចិត្តបាន។ អាហារត្រូវស្រស់ស្អាត ព្រមទាំងសម្ភារៈដែលប្រើត្រូវស្អាតទៀតផង៕
ការផឹក “តែ” អាចនឹងជួយទប់ស្កាត់កុំឲ្យឡើងទម្ងន់ ដែលបណ្តាលមកពីការបរិភោគអាហារមិនល្អរបស់ស្ត្រីទាំងឡាយ។អ្នកស្រាវជ្រាវ បានរកឃើញថា ការផឹក “តែ” ជាទៀងទាត់ ក៏អាចទប់ស្កាត់ផលអាក្រក់ផ្សេងៗ កើតមកពីការផ្លាស់ប្តូរនៅក្នុងឈាម ដែលបណ្តាលមកពីការបរិភោគអាហារដែលមានខ្លាញ់ច្រើន ហើយការផ្លាស់ប្តូរមិនល្អនេះ អាចនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។នៅក្នុងការស្រាវជ្រាវដែលគេធ្វើឡើងលើសត្វកណ្តុរ សត្វកណ្តុរខ្លះទៀត ត្រូវបានគេឲ្យស៊ីអាហារដែលមានជាតិខ្លាញ់ខ្ពស់ ហើយកណ្តុរខ្លះទៀត ត្រូវបានគេឲ្យស៊ីអាហារធម្មតា។ បន្ទាប់មកទៀត សត្វកណ្តុរទាំងនោះ ត្រូវបានគេបំបែកជាក្រុមតូចៗទៀត ហើយគេឲ្យកណ្តុរខ្លះផឹកទឹក “តែបៃតង” និងកណ្តុរខ្លះផឹក “តែខ្មៅ” ក្នុងរយៈពេល ១៤សប្តាហ៍។ លទ្ធផលបានបង្ហាញថា “តែ” ទាំងពីប្រភេទ បានទប់ស្កាត់ការឡើងទម្ងន់ដងខ្លួន និងទប់ស្កាត់ការប្រមូលផ្តុំនៃខ្លាញ់នៅក្បាលពោះ ដែលច្រើនតែបណ្តាលមកពីការហូបអាហារដែលមានជាតិខ្លាញ់ច្រើន។ គេក៏បានសង្កេតឃើញដែរថា បើទោះជា “តែ” ទាំងពីរប្រភេទ ផ្តល់ផលល្អដូចគ្នាក្នុងការទប់ស្កាត់ការឡើងទម្ងន់ក៏ពិតមែន ប៉ុន្តែចំពោះ “តែខ្មៅ” វាផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ដូចជា កាត់បន្ថយ កូឡេស្តេរ៉ូលអាក្រក់ និងបង្កើនការផលិតអាំងស៊ុយលីន ជាដើម។ការស្រាវជ្រាវដែលគេធ្វើឡើងនៅសកលវិទ្យាល័យ ខូប៊ី (Kobe) ជប៉ុន ត្រូវបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រ Agricultural and Food Chemistry។ប្រជាជនអង់គ្លេសចូលចិត្តផឹកតែយ៉ាងទៀងទាត់។ បណ្ឌិត ឃែររីរូថុន (Carrie Ruxton) បាននិយាយថា លទ្ធផលនៃការសិក្សានេះ គឺជាដំណឹងល្អសម្រាប់អ្នកនិយមផឹក “តែ” ពិសេសសម្រាប់អ្នកដែលផឹក “តែខ្មៅ”។លោកបានបន្តថា “បើទោះបីជាលទ្ធផលនៃការស្រាវជ្រាវ ចាំបាច់ត្រូវធ្វើការអះអាងបញ្ជាក់តាមរយៈការស្រាវជ្រាវនេះ រកឃើញថា (តែ)ជួយទប់ស្កាត់ការឡើងទម្ងន់ និងរារាំងផលអាក្រក់ទាំងឡាយ ដែលបណ្តាលមកពីការប្រែប្រួលនៃជាតិស្ករក្នុងឈាមផងដែរ។ ចំណែកតែខ្មៅ វិញ មានផលល្អ ជាពិសេសនៅត្រង់ថា កាត់បន្ថយកូឡេស្តេរ៉ូអាក្រក់នៅក្នុងឈាម និងជួយជំរុញជាតិអាំងស៊ុយលីន”។ការផឹក “តែ” ធ្លាប់ត្រូវបានគេរកឃើញថា អាចជួយកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីរោគមួយចំនួន ដូចជារោគបេះដូង រោគមហារីក និងរោគភ្លេចភ្លាំងផងដែរ។ ការស្រាវជ្រាវមួយចំនួន ក៏បានរកឃើញផងដែរថា ការផឹក “តែ” ជាទៀងទាត់ក្នុងរយៈពេល ១០ឆ្នាំ ឬច្រើនជាង ១០ឆ្នាំ អាចនឹងបង្កើនភាពរឹងមាំរបស់ឆ្អឹងបានផងដែរ៕
កន្លងមក យើងធ្លាប់ឮថា អាហារខ្លាញ់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ក៏ប៉ុន្តែអ្នកដឹងទេថា អាហារខ្លាញ់ ក៏មានប្រយោជន៍ចំពោះសុខភាពដូចគ្នាដែរ។
អាហារដែលគេគិតថាសម្បូរទៅដោយសារជាតិខ្លាញ់បំផ្លាញសុខភាព ការពិតអាហារពួកនេះ បែរជាលាក់ទុកគុណប្រយោជន៍ ព្រោះវាជាសារជាតិបំប៉នខួរក្បាលមួយប្រភេទ ដែលខួរក្បាលមិនអាចខ្វះបានទេ។
យោងតាមលទ្ធផលសិក្សា គេបានរកឃើញថា អាស៊ីដអូលេអ៊ិ ដែលមាននៅក្នុងខ្លាញ់ វានឹងបំប្លែងទៅជាសារជាតិបំប៉នខួរក្បាល ក្រោយពេលធ្លាក់ដល់ពោះវៀន។ ក្រៅពីនេះ គេរកឃើញទៀតថា ខ្លាញ់ជួយព្យាបាលរោគពាក់ព័ន្ធនឹងការចងចាំអ្វីថ្មីៗ ព្រោះគេបានសាកល្បងឱសថសិប្បនិមិ្មតពីសារជាតិខ្លាញ់ ដើម្បីកាត់បន្ថយបរិមាណទ្រីគ្លីសឺរីត ដែលជាប្រភេទខ្លាញ់បង្កគ្រោះថ្នាក់ដល់សុខភាព។
ការសិក្សាស្រាវជ្រាវ បានបង្ហាញលទ្ធផលថា សារជាតិអូឡេអាយ អ៊ិតាណូឡាមីត ឬ អូអ៊ីអេ ក្នុងកម្រិតខ្ពស់ វាមានគុណភាពជួយកាត់បន្ថយចំណង់អាហារធ្វើឲ្យទម្ងន់ខ្លួនស្រក ហើយថែមទាំងជួយកាត់បន្ថយបរិមាណកូឡេស្តេរ៉ូលនៅក្នុងឈាមបានទៀតផង។
លើសពីនេះទៅទៀត សារជាតិ អូអ៊ិអេ ជួយរក្សាការចងចាំដោយភ្ងោចសភាវគតិ និងជួយបង្កើនកម្រិតចងចាំនៅក្នុងខួរក្បាល ត្រង់ចំណែកដែលពាក់ព័ន្ធនឹងការចងចាំផ្នែកអារម្មណ៍។ ពិសេសជាងនេះទៀត វាផ្តល់ប្រយោជន៍ក្នុងការវិវត្តដល់ពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ឲ្យចងចាំបានប្រភព និងពេលវេលា ដើម្បីរកអាហារខ្លាញ់ៗមកស៊ីទៀតផង។ ដូច្នេះអាចពោលបានថា អាហារខ្លាញ់ក៏មានសារសំខាន់ក្នុងការវិវត្តទាំងមនុស្ស និងសត្វផងដែរ។
ដូចនេះគេមិនគួរបដិសេធអាហារខ្លាញ់ទាំងស្រុងនោះទេ តែទោះជាយ៉ាងណាក្តី គួរបរិភោគក្នុងបរិមាណសមរម្យផងដែរ ទើបមិនប៉ះពាល់ដល់សុខភាព៕
ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តទទួលទានអាហារអាំងក្រៀមៗ សូមមើលលទ្ធផលនៃការស្រាវជ្រាវខាងក្រោមនេះ។លទ្ធផលនៃការស្រាវជ្រាវចុងក្រោយបំផុត ដោយក្រុមអ្នកជំនាញបារាំង បានរកឃើញថា ការអាំងអាហារ ២ ម៉ោង នឹងធ្វើឲ្យកើតសារធាតុ ដាយអុកស៊ីន ដែលជាសារធាតុបង្កឲ្យកើតមហារីកក្នុងបរិមាណខ្ពស់ ស្មើនឹងជក់បារី រហូតដល់ទៅ ២០០.០០០ ដើមឯណោះ ហើយនៅលើសាច់អាំង ក៏នៅមានជាតិពុលផ្សេងៗជាច្រើនទៀត ដែលធ្ងន់ធ្ងរបំផុត គឺសារធាតុផ្សំអ៊ីដ្រូការបោន ដែលជាភ្នាក់ងារបង្កើតកោសិកាអាក្រក់ ជាហេតុនាំឲ្យអ្នកដែលចូលចិត្តទទួលទានសាច់អាំងក្រៀមៗ ត្រូវប្រឈមនឹងជំងឺមហារីកបានគ្រប់ពេលវេលា៕