តើអ្នកធ្លាប់ទទួលទាន និងភ្លក្សរសជាតិស្រាក្រឡុកឬហៅជាពាក្យបរទេសថា Cocktail ដែរឬទេ?Cocktail ជាភេសជ្ជៈស្រវឹងដែលមានលាយជាមួយគ្រឿងផ្សំផ្សេងទៀតដូចជា ទឹកផ្លែឈើ នឹងសារជាតិជូរមួយចំនួន។ សព្វថ្ងៃ Cocktail មានភាពពេញនិយមក្នុងចំណោមយុវវ័យ។ ទាំងបុរសនិងស្ត្រីអាចទទួលទានវាបានដូចគ្នា ដែលភាគច្រើនយើងអាចរកបាន cocktails ដែលមានច្រើន ប្រភេទផ្សេងគ្នានៅតាមភោជនីយដ្ឋាន ឬកន្លែងកម្សាន្តតាមបែបបរទេស។
Singapore Sling គឺជាប្រភេទ cocktails មួយ ដែលងាយស្រួលធ្វើ ហើយគ្រប់គ្នាអាចធ្វើបាន និងរីករាយជាមួយក្រុមគ្រួសារនៅឯផ្ទះ។
លោក Lee អ្នកគ្រប់គ្រងផ្នែកភេសជ្ជៈនិងអាហារនៅភោជនីយដ្ឋាន Rambutan បានធ្វើការចែករំលែកនូវរូបមន្តនៃការក្រឡុក Singapore Sling។
បើយោងទៅតាមសម្តីលោក Lee មានគ្រឿងផ្សំមួយចំនួនដែលយើងត្រូវការដែលមាន ដូចជា Gin និងCointreauliqueur ទឹកក្រូចឆ្មារស្រស់ ម្នាស់គាបទឹកឬទឹកម្នាស់ស្រស់ ទឹកស្ករ Cherry brandy ប្រភេទទឹកនៃរសជាតិ Cherry Grenadine syrup ដែលជាប្រភេទទឹកសេរ៉ូ ទឹកកក ក៏ដូចជាកែវក្រឡុកផងដែរ។
លោកបាននិយាយថា៖ «ប្រសិនបើអ្នកមានគ្រឿងផ្សំទាំងអស់ដែលខ្ញុំបានរៀបរាប់យើងអាចធ្វើ Singapor Sling ជាភេសជ្ជៈសម្រាប់កម្មវិធីជប់លៀងនៅផ្ទះរបស់អ្នកបាន»។ លោក បានបន្ថែមថា៖ «ភាគច្រើននៃគ្រឿងផ្សំទាំងនោះគឺអាចរកបាននៅក្នុងផ្សារទំនើបណាមួយ ដូច្នេះអ្នកអាចទិញវា ហើយព្យាយាមសាកល្បងធ្វើដោយខ្លួនឯង»។
លោក Lee បានចាប់ផ្តើមពន្យល់ពីដំណើរការនៃការធ្វើ Singapore Sling ថា ដំបូងត្រូវការវាស់នូវចំណុះនៃគ្រឿងផ្សំទាំងអស់ដែលយើងត្រូវប្រើ។ ចំពោះការវាស់រង្វាល់នេះវាក៏អាស្រ័យលើចំណូលចិត្តរបស់អ្នកដែលទទួលទានថា តើអ្នកទទួលទានចូលចិត្តសារធាតុស្រវឹងខ្លាំងឬតិច។ ដូច្នេះអ្នកអាចគ្រប់គ្រងនូវសារធាតុស្រវឹងនោះតាមការចង់បានរបស់អ្នក។
លោកបានពន្យល់ទៀតថា៖ «ដំបូងយើងត្រូវដាក់ទឹកក្រូចឆ្មារស្រស់ចូលទៅក្នុងកែវក្រឡុក បន្ទាប់មកបន្ថែមទឹកម្នាស់ស្រស់ ទឹកស្ករ Gin Cherry Brandy និងគ្រឿងផ្សំផ្សេងទៀតក៏ដូចជាទឹកកកតូចៗទាំងអស់ចូលគ្នារួចហើយក្រឡុកវា។បន្ទាប់មកយើងចាក់វាចូលទៅក្នុងកែវមួយនិងបន្ថែមនៅដុំទឹកកកតូចៗបន្ថែមទៀតដើម្បីឲ្យពេញនៅចំណុះកែវ»។
បន្ទាប់ពីអ្នកទទួលបាន Singapore Sling មួយកែវហើយ ដើម្បីធ្វើឲ្យវាកាន់តែគួរឲ្យចាប់អារម្មណ៍ និងមើលទៅស្រស់ស្អាតអ្នកអាចធ្វើការតុបតែងកែវជាមួយនឹងផ្លែឈើមួយចំនួន។ បន្ទាប់មកអ្នកអាចរីករាយជាមួយSingapore Sling ដ៏ជក់ចិត្ដ៕
Source: postkhmer.com
No comments:
Post a Comment